ប្រាសាទបេងមាលា ឬ ប្រាសាទបឹងមាលា (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ប្រាសាទបេងមាលា ឬ ប្រាសាទបឹងមាលា (មានវីដេអូ) ប្រាសាទបេងមាលា ឬ ប្រាសាទបឹងមាលា (មានវីដេអូ)

ប្រាសាទបេងមាលាបានកសាងឡើងនៅសតវត្សរ៍ទី១២ តាមរចនាប័ទ្មអង្គរវត្ត ដោយសង់លើផៃ្ទដីរាបស្មើទំហំ ១៤ហិកតា (១៨១ម៉ែត្រx១៥២ម៉ែត្រ) មានកំពែង ៣ជាន់ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះអាទិទេព​ក្នុង​ព្រហ្ម​ញ្ញសាសនា និកាយវិស្ណុនិយម។ ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាទិសអាគ្នេយ៍នៃភ្នំគូលេន និងមានចម្ងាយ ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។

ទាក់ទងនឹងឈ្មោះប្រាសាទនេះវិញ អ្នកខ្លះហៅថាប្រាសាទបឹងមាលា ឯខ្លះទៀតហៅថាប្រាសាទបេងមាលា។ ខាងអាជ្ញាធរជាតិអប្សរាក៏មិនមានភស្តុតាងណាមួយច្បាស់លាស់ ដើម្បី​កំណត់​ថា​ឈ្មោះ​ប្រាសាទ​នេះ​ថាអ្វីឱ្យប្រាកដនៅទ្បើយ ត្បិតឈ្មោះដែលហៅមកនេះ មិនមែនជាឈ្មោះដើមរបស់ប្រាសាទនេះទេ គឺគ្រាន់តែជាឈ្មោះដែលអ្នកស្រុកហៅតាមមាត់បន្តគ្នានាសម័យក្រោយៗមក ដោយ​គ្មាន​សំណេរ​កត់ត្រា​ជា​ភាសា​ជាតិថាដូចម្តេច។ អ្នកស្រាវជ្រាវជាតិបារាំង Louis Delaporte មកដល់ប្រាសាទនេះនៅឆ្នាំ១៨៨០ ក៏បានហៅប្រាសាទនេះថា «បឹងមាលា» ដោយមានពន្យល់ពាក្យហៅថា បឹងផ្កាឈូក។ ការ​ពន្យល់​នេះ​ក៏ពិបាកយកជាការដែរ។ រីឯឈ្មោះ បេងមាលាវិញ ត្រូវបានលោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា បើយើងអានកំណាព្យ «និរាសនគរវត្ត» របស់​កវី​មាន​ងារ​ជា​ឧកញ៉ា​សុត្តន្ត​ប្រីជាឥន្ទ នៅដើមសតវត្សទី២០ លោកហៅឈ្មោះប្រាសាទនេះថា «បេងមាលា»។ ការហៅដូច្នេះអាចឲ្យយើងរកមូលហេតុមកពន្យល់បានខ្លះ។ កាលពីជិត ១០ឆ្នាំមុន មាន​វត្ត​បុរាណ​មួយ​សាង​ក្នុង​បរិវេណ​ប្រាសាទមានឈ្មោះពេញថា «វត្តព្រះកេតុមាលា»។ វត្តនេះបានរើចេញមកសាងជាថ្មីនៅខាងលិច ខាងក្រៅបរិវេណប្រាសាទវិញ។ អ្នកស្រុកហៅវត្តនោះខ្លីថា «វត្តមាលា»។ បើ​មើល​តាម​កំណត់​ត្រា​របស់​អ្នក​ស្រាវជ្រាវ​បារាំងនៅដើមសតវត្សទី២០ វត្តនេះមានក្នុងបរិវេណប្រាសាទយូរហើយ។ បើមើលភស្តុតាងបុរាណវិទ្យាវិញ ក៏ឃើញមានខឿនឱបោសថាគារ និងសីមាភ្លោះ ដែល​ជា​សំណង់​ព្រះពុទ្ធសាសនា​នៅ​សម័យ​កណ្តាល។ ដោយមិនដឹងប្រាសាទមានឈ្មោះដើមថាអ្វីនោះ មនុស្សក៏មានទំនោរហៅប្រាសាទតាមឈ្មោះវត្តនេះថា «មាលា» តៗគ្នាមករៀងមក។ ករណីនេះមិនចម្លែកទេ ពី​ព្រោះ​យើង​ធ្លាប់​ឮ​ហៅ​ឈ្មោះ​ប្រាសាទ​តាមវត្តច្រើនមកហើយ ដូចជាប្រាសាទវត្តត្រាច ប្រាសាទធ្នង់ ប្រាសាទទេពប្រណម ប្រាសាទខ្នាត ។ល។

ដូច្នេះ «មាលា» មិនមានន័យទាក់ទងនឹង «ផ្កា» អ្វីទេ ប៉ុន្តែ​ជាការទាក់ទង​នឹង​ព្រះនាម​របស់​ព្រះ​មហាក្សត្រមួយអង្គតាមលំនាំរឿងព្រេង «ព្រះកេតុមាលា» ដែលជារឿងដំណាលអំពីកំណើតនៃប្រាសាទនេះ។ ចំណែកពាក្យ«បេង» វិញ ត្រូវបានលោក អ៊ឹម សុខរិទ្ធី ពន្យល់បន្ថែមថា «មាន​ផ្លូវបុរាណ​មួយ​ខ្សែ​ដែល​តភ្ជាប់រាជធានីអង្គរមកកាន់តំបន់ខាងកើត ចេញអំពីខ្សែត្រង់នៃភ្នំបាខែង កាត់តាមប្រាសាទបាទជុំ ចៅស្រីវិបុល បន្ទាយអំពិល និងកាត់តាមខាងត្បូងប្រាសាទមាលានេះ រួចឆ្ពោះទៅប្រាសាទបាកាន ហៅ​ព្រះខ័ននៅកំពង់ស្វាយ។ ផ្លូវនេះអ្នកស្រុកអង្គរ គីរីមានន្ទ វត្តត្រាច និងតំបន់ជុំវិញប្រាសាទនេះហៅឈ្មោះថា «ផ្លូវបេង»។ ហេតុដូច្នេះ វាទំនងថាការហៅឈ្មោះប្រាសាទភ្ជាប់ទៅនឹងផ្លូវ ដែល​ជា​ការ​ចង់​បង្ហាញ​ថា​ប្រាសាទមាលា នៅតាមបណ្តោយផ្លូវបេងនោះឯង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងមានភស្តុតាងឈ្មោះជាភាសាជាតិ ដែលយ៉ាងហោចណាស់មានគេដឹងឮតាំងតែពីដើមសតវត្សទី២០មកម្ល៉េះ ដែលយើងគួរតែប្រកាន់យកតាមតទៅ។

ប្រាសាទបេងមាលា ស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយក្រៀម មានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្ត ដែលអ្នកស្រាវជ្រាវមួយចំនួនយល់ថា ប្រាសាទ​បេងមាលា​ជាគម្រូ​សម្រាប់​បុព្វបុរស​ខ្មែរ​កសាង​អង្គរវត្ត។ ប្រាសាទបេងមាលា មានគូទឹកព័ទ្ធជុំវិញមានបណ្តោយប្រវែង ១២០០ម៉ែត្រ ទទឹង ៩០០ម៉ែត្រ ដែលជាតំណាងមហាសមុទ្រព័ទ្ធជុំវិញចក្រវាល។ ប៉ុន្តែ​តាមការ​ស្រាវជ្រាវ​ថ្មីៗ​ដោយ​ផ្អែក​លើ​ភស្តុតាង​នៃ​ការ​សិក្សាលើវិស័យបដិមាសាស្រ្តនៃប្រវត្តិសិល្បៈ សំណង់ស្ថាបត្យកម្ម ព្រមទាំងសំណង់ប្រាសាទនៅផ្នែកខាងកើត នាំឱ្យអ្នកស្រាវជ្រាវយល់ថា ប្រាសាទនេះទំនងជាស្ថាបនាក្រោយអង្គរវត្ត នា​ភាគ​ខាង​ចុង​នៃ​សតវត្សទី​១២ ពោលគឺសាងទ្បើងនៅចន្លោះសម័យសាងប្រាសាទអង្គរវត្ត និងមុនសម័យសាងប្រាសាទបាយ័ន។

ប្រាសាទបេងមាលាមានហោត្រ័យចំនួន៤ គឺធំ២នៅខាងក្រៅ តូច២នៅខាងក្នុង ហើយមានផ្តែរចំនួន១៨០ ដែលលម្អដោយភ្ញីផ្កា និងរំលេចដោយតួអង្គមនុស្ស អាទិទេព រាហូ។ល។ ទាក់ទង​នឹងរឿង​ទេវកថា​ជា​ច្រើន​​ដូចជា កូរសមុទ្រទឹកដោះ រាមកេរ្តិ៍ មហាភារតជាដើម។ ប៉ុន្តែប្រាសាទនេះមិនមានសិលាចារឹកទេ។ នៅឆ្នាំ១៩៣៣ លោក ហ្ស៊ក សឺដេស បានស្រាវជ្រាវឃើញប្រអប់ថ្មរាងបួនជ្រុងទ្រវែង ស្ថិតក្បែរ​ហោត្រ័យ​ធំនាទិសឦសាន ហើយបានសន្និដ្ឋានថាជាមឈូសតម្កល់សព។ លុះឆ្នាំក្រោយៗមកទៀត លោកបណ្ឌិត មីសែលត្រាណេ ជនជាតិខ្មែរ បានសន្និដ្ឋានតពីលោក ហ្ស៊ក សឺដេស ថា មឈូស​នោះ​ជាកន្លែង​តម្កល់​សព​របស់ព្រះបាទសូរ្យវរ្ម័នទី២។ ចំណែកលោកសាស្ត្រាចារ្យ អាំង ជូលាន មានយោបល់មិនស្របនឹងលោកបណ្ឌិតទាំងពីរទេ។ បើតាមការសិក្សាកន្លងមក ប្រអប់ថ្មរបៀបនេះ គេប្រទះឃើញច្រើន ដែល​ទំនង​ជា​មាន​ការពាក់ព័ន្ធនឹងការតម្កល់សាកសពដែរ ប៉ុន្តែមិនច្បាស់ថាតម្កល់សាកសពបុគ្គលណាម្នាក់ទ្បើយ។ បន្ថែមពីនោះ នៅជុំវិញប្រាសាទបេងមាលាក៏មានប្រាសាទជាច្រើនដូចជា នៅ​ខាង​លិច​មាន​ប្រាសាទ​ដូន​ចាន់ ប្រាសាទកោះចិន ហើយខាងកើតមានប្រាសាទគងភ្លុកនិងប្រាសាទជ្រៃ។ ចំណែកខាងកើតប្រាសាទធំមានសំណង់រក្សាទឹកធំមួយ មានគ្រឹះប្រាសាទនៅកណ្តាល ដែលអ្នកស្រុកហៅថា វាលនទីឬវាលមន្ទីរ ឬរហាល។

ប្រាសាទនេះបានទទួលរងនូវការខូចខាតជាច្រើនកន្លែង តែបច្ចុបន្នអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់​ធ្វើការអភិរក្ស​និងរៀបចំឡើងវិញ​នូវគំនរ​ថ្មឱ្យមានសណ្តាប់ធ្នាប់ រៀបចំផ្លូវដើរ និងសង់ស្ពានឈើ សម្រាប់ទេសចរងាយស្រួលក្នុងការទស្សនាទស្សនីយភាពផ្សេងៗនៃប្រាសាទទាំងមូល។ បច្ចុប្បន្នប្រាសាទបេងមាលា ក៏ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្រាវជ្រាវក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ មកសិក្សានិងទស្សនាឈ្វេងយល់មានការកើនឡើងជាបន្តបន្ទាប់ បើទោះជា​តំបន់នេះ​នៅឆ្ងាយ​ពីតំបន់ឧទ្យាន​អង្គរដែល​ជាបេតិកភ័ណ្ឌ​នៃ​ពិភពលោកដ៏ល្បីល្បាញក៏ដោយ៕

អត្ថបទដោយ៖ ទី សារឿន

បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

បញ្ចេញមតិ